• Home
  • Khmer Heroes
  • About
  • Media center
  • Activities
  • Map
  • Culture
  • Donations
  • Contact
  • News
  • Links
Header Image

Khmer Krom want to see Kampuchea Krom benefiting from the Cambodia-Vietnam religious treaty

Posted on: December 22, 2016 8:41 am

ខ្មែរ​ក្រោម​ចង់​ឃើញ​កម្ពុជា​ក្រោម​ទទួល​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​សាសនា​កម្ពុជា-វៀតណាម
Thu 8th Waning Moon of Māgasira B.E.2560, December 22, A.D.2016 Year of the Monkey

ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ថ្លែង​ក្នុង​ពិធី​ខួប ៦៤​ឆ្នាំ ថ្ងៃ​អាណានិគម​និយម​បារាំង កាត់​ទឹកដី​ខ្មែរ​ឲ្យ​វៀតណាម នា​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ​២០១៣។ RFA/Tin Zakariya. Thach Setha, president of the Khmer Kampuchea Krom Community (KKC), addressed the 64th Annual Kampuchea Krom Loss Community where colonial France ceded Kampuchea Krom to Vietnam on June 4, B.E.2493 A.D.1949

ដោយ យាង សុជាមេត្តា RFA 2016-12-22

អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា ចង់​ឃើញ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ធម្មការ និង​សាសនា​កម្ពុជា ជាមួយ​ប្រទេស​វៀតណាម ឲ្យ​បាន​ជា​ប្រយោជន៍​ដល់​ព្រះពុទ្ធសាសនា​នៅ​ដែនដី​កម្ពុជា​ក្រោម។ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​កាន់​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២១ ធ្នូ កម្ពុជា-វៀតណាម បាន​ចុះ​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ធម្មការ និង​សាសនា​កម្ពុជា ជាមួយ​គណៈកម្មាធិការ​ជនជាតិ​នៃ​ប្រទេស​វៀតណាម។

ការ​បង្កើត​ឡើង​វិញ​នូវ​ពុទ្ធសាសនបណ្ឌិត្យ​រង​នៅ​ដែនដី​កម្ពុជា​ក្រោម ការ​ផ្តល់​អាហារូបករណ៍​ឲ្យ​ព្រះសង្ឃ​ខ្មែរ​ក្រោម​អាច​មក​បន្ត​ការ​សិក្សា​នៅ​កម្ពុជា និង​ការ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ អាច​បញ្ជូន​គម្ពីរ​ក្បួន​ខ្នាត​ទៅ​តម្កល់​ទុក​នៅ​តាម​ទី​អារាម​នានា​នៅ​ដែនដី​កម្ពុជា​ក្រោម ដោយ​គ្មាន​ការ​រារាំង​ពី​អាជ្ញាធរ​វៀតណាម សុទ្ធសឹងតែ​ជា​អ្វី​ដែល​ខ្មែរ​ក្រោម​ចង់​ឃើញ​ចេញ​ពី​ការ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​ក្រសួង​ធម្មការ និង​សាសនា​កម្ពុជា ជាមួយ​វៀតណាម ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ពេល​ថ្មីៗ​នេះ។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ថ្លែង​ថា កាល​ពី​មុន​ឆ្នាំ​១៩៧៥ ពោល​គឺ​មុន​ពេល​ពួក​កុម្មុយនីស្ត​វៀតណាម គ្រប់គ្រង​ដែនដី​កម្ពុជា​ក្រោម ពុទ្ធសាសនា​ខ្មែរ​នៅ​កម្ពុជា​ក្រោម គឺ​នៅ​ឯករាជ្យ​ដាច់​ដោយឡែក មិន​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​សមាគម​ពុទ្ធសាសនា​វៀតណាម ដែល​មាន​ការ​ជ្រោមជ្រែង​ពី​រដ្ឋ​អំណាច​វៀតណាម ឡើយ។

លើស​ពី​នេះ លោក​ថា​កាល​ពី​សម័យ​អាណានិគម​បារាំង ពុទ្ធសាសនបណ្ឌិត្យ​រង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខេត្ត​ឃ្លាំង ដើម្បី​បម្រើ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ពុទ្ធសាសនា​នៅ​ដែនដី​កម្ពុជា​ក្រោម។ បន្ថែម​ពី​លើ​នេះ ព្រះសង្ឃ​ខ្មែរ​ក្រោម​ដែល​រៀន​ចប់​នៅ​ដែនដី​កម្ពុជា​ក្រោម ក៏​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា ផ្តល់​អាហារូបករណ៍​ឡើង​មក​បន្ត​ការ​សិក្សា​នៅ​កម្ពុជា ទៀត​ផង។

លោក ថាច់ សេដ្ឋា បញ្ជាក់​ថា នៅ​ពេល​លោក​ឃើញ​កម្ពុជា មាន​កិច្ចព្រមព្រៀង​ជាមួយ​វៀតណាម ពី​វិស័យ​សាសនា​ដូចនេះ លោក​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា យក​ចិត្ត​ទុក​ដាក់​ស្នើ​បង្កើត​ឡើង​វិញ​នូវ​ពុទ្ធសាសនបណ្ឌិត្យ​រង ដែល​ខ្មែរ​ក្រោម​ធ្លាប់​មាន​កន្លង​ទៅ និង​សម្រួល​ឲ្យ​ព្រះសង្ឃ​ខ្មែរ​ក្រោម​អាច​ឡើង​មក​បន្ត​ការ​សិក្សា​នៅ​កម្ពុជា ឲ្យ​បាន​ខ្ពង់ខ្ពស់។

លោក ថាច់ សេដ្ឋា លើក​ឡើង​បន្ថែម​ថា កន្លង​ទៅ នៅ​ពេល​ព្រះសង្ឃ ឬ​ពលរដ្ឋ​ខ្មែរ​នាំ​យក​ឯកសារ​ផ្សេងៗ ដូចជា​ព្រះ​ត្រៃបិតក ឬ​គម្ពីរ​ក្បួន​ខ្នាត​ផ្សេងៗ​ពី​កម្ពុជា ទៅ​កាន់​ដែនដី​កម្ពុជា​ក្រោម អាជ្ញាធរ​វៀតណាម តែង​រារាំង ឬ​រឹប​អូស​មិន​ឲ្យ​នាំ​ចូល​ឡើយ។ លោក ថាច់ សេដ្ឋា សង្ឃឹម​ថា តាម​រយៈ​កិច្ចព្រមព្រៀង​នេះ ប្រទេស​វៀតណាម នឹង​អនុញ្ញាត​ឲ្យ​កម្ពុជា បញ្ជូន​គម្ពីរ ឬ​ក្បួន​ខ្នាត​នានា​យក​ទៅ​តម្កល់​ទុក​នៅ​តាម​ទី​អារាម​នៅ​ដែនដី​កម្ពុជា​ក្រោម ដើម្បី​ឲ្យ​ព្រះសង្ឃ​ខ្មែរ​ក្រោម​មាន​ឯកសារ​គ្រប់គ្រាន់​សម្រាប់​សិក្សា​រៀន​សូត្រ៖ «ដូច​ខាង​ក្រោម​ត្រូវ​ការ​គម្ពីរ​ដីកា​ក្បួន​ខ្នាត​ផ្នែក​សាសនា ត្រូវ​បាន​បញ្ជូន​ពី​កម្ពុជា ទៅ​ដោយ​សេរី កុំ​ឲ្យ​មាន​ការ​ឆែកឆេរ​រឹប​អូស​យក​ដូច​ពេល​កន្លង​មក។ អ៊ីចឹង​ហើយ​រដ្ឋាភិបាល​ខ្មែរ​គួរ​ពិនិត្យ​រឿង​នេះ​ឡើង​វិញ បើ​យើង​ធ្វើ​សហប្រតិបត្តិការ​ហើយ ត្រូវ​ធ្វើ​បាន​ដោយ​សេរី ទើប​វា​មាន​ភាព​ស្មើ​គ្នា»។

ដែនដី​កម្ពុជា​ក្រោម មាន​ផ្ទៃក្រឡា​ប្រមាណ ៧០​ម៉ឺន​គីឡូម៉ែត្រ និង​មាន​វត្ត​អារាម​សរុប​ប្រមាណ ៥៦០​វត្ត ក្នុង​ខេត្ត-ក្រុង​សរុប​ចំនួន​២១ ក្នុង​នោះ​ខេត្ត​ព្រះត្រពាំង តែ​មួយ​គឺ​មាន​វត្ត​រហូត​ដល់ ១៤២​វត្ត។ វត្ត​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​បង្អស់ គឺ​ឈ្មោះ​វត្ត​សម្បួររង្សី ដែល​ឋិត​នៅ​ស្រុក​កំពង់ស្ពាន ខេត្ត​ព្រះត្រពាំង បច្ចុប្បន្ន​វៀតណាម បាន​ប្ដូរ​ទៅ​ជា​ស្រុក​កូវកែ ខេត្ត​ត្រាវិញ។ វត្ត​នេះ​ត្រូវ​បាន​កសាង​ឡើង​តាំង​ពី​ឆ្នាំ​៣៧៣ នៃ​គ្រិស្តសករាជ។ ទោះ​ជា​បែប​នេះ​ក្តី បើ​និយាយ​ពី​ការ​សិក្សា​របស់​ព្រះសង្ឃ​ខ្មែរ​ក្រោម​បច្ចុប្បន្ន​វិញ ព្រះសង្ឃ​ខ្មែរ​ក្រោម​អាច​រៀន​ខ្ពស់​បំផុត គឺ​បាន​ត្រឹម​ថ្នាក់​គរុកោសល្យ​ទី​៣ ឬ​ប្រហាក់​ប្រហែល​នឹង​ថ្នាក់​ឌីប្លូម​នៅ​កម្ពុជា ប៉ុណ្ណោះ។

ចំពោះ​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ធម្មការ និង​សាសនា​កម្ពុជា ជាមួយ​គណៈកម្មាធិការ​ជនជាតិ​វៀតណាម នៅ​ពេល​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុមុនី អះអាង​ថា គ្រប​ដណ្ដប់​លើ​ចំណុច​សំខាន់​ចំនួន​៣ គឺ​កិច្ច​សហប្រតិបត្តិការ​ស្វែង​យល់​សាសនា និង​ជនជាតិ​រវាង​ប្រទេស​ទាំង​ពីរ ការ​ផ្លាស់ប្ដូរ​ទស្សនកិច្ច​សិក្សា ឬ​ការ​បណ្តុះបណ្តាល និង​ការ​ផ្លាស់ប្ដូរ​ឯកសារ។ ក្រៅ​ពី​នោះ លោក​ថា​ក៏​មាន​កម្មវិធី​ផ្លាស់ប្ដូរ​អាហារូបករណ៍​ផង​ដែរ៖ «កន្លង​មក​ក៏​មាន​សង្ឃ​ខ្លះ​លោក​ទៅ​រៀន​នៅ​ពុទ្ធិកមហាវិទ្យាល័យ​នៅ​វៀតណាម ដែរ មាន​កន្លែង​ស្នាក់នៅ​ធំៗ»។

លោក សេង សុមុនី មិន​បញ្ជាក់​ច្បាស់​ឆ្លើយតប​ចំពោះ​ការ​ចង់​បាន​របស់​ខ្មែរ​ក្រោម​ឡើយ ប៉ុន្តែ​លោក​សង្ឃឹម​ថា កិច្ចព្រមព្រៀង​នេះ​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កិច្ច​សហប្រតិបត្តិការ​ដែល​ផ្តល់​ប្រយោជន៍​ដល់​ទាំង​កម្ពុជា វៀតណាម និង​ខ្មែរ​ក្រោម​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា លោក ថាច់ សេដ្ឋា កត់​សម្គាល់​ថា កន្លង​ទៅ គេ​ឃើញ​វៀតណាម តែង​មាន​ប្រៀប​លើ​កម្ពុជា ស្ទើរ​គ្រប់​កិច្ច​សហប្រតិបត្តិការ​ទាំងអស់ ដែល​លោក ថាច់ សេដ្ឋា ចាត់​ទុក​ថា ជា​កិច្ច​សហប្រតិបត្តិការ​មិន​មាន​ភាព​ស្មោះ​ត្រង់ ឬ​ជា​កិច្ច​សហប្រតិបត្តិការ​ចាប់​ដៃ​ជាន់​ជើង ជាដើម។ លោក​បញ្ជាក់​ថា ដើម្បី​ឲ្យ​កិច្ច​សហប្រតិបត្តិការ​មួយ​ប្រកប​ដោយ​មិត្តភាព លុះ​ណា​តែ​វា​ជា​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​សមភាព និង​ផ្តល់​ប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក៕

Share this:

  • Facebook
  • Twitter
  • More
  • Pinterest
  • Tumblr
  • LinkedIn
  • Pocket
  • Reddit
  • Print

Related

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សូមគាំទ្រឧបត្ថម្ភ សហគមន៍ខ្មែរក្រោម Support KKC

សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។





វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

Khmer Patriotic Songs

Khmer Patriotic Songs

ចម្រៀងស្នេហាជាតិខ្មែរកម្ពុជាក្រេាម ផ្សាយដោយសហគមន៍ខ្មែរកម្ពុជាក្រោម នៅសហរដ្ឋអាមេរិក Kampuchea Krom Patriotic Songs: Released 2548/2004

We’re On Facebook

Facebook Pagelike Widget

Sign in

Login to this site requires ssl communication.
Click here to reload the page over ssl.

  • Lost your password?

  • Back to login
Loading

You must be logged in to post a comment.

Loading Comments...
Comment
    ×