• Home
  • Khmer Heroes
  • About
  • Media center
  • Activities
  • Map
  • Culture
  • Donations
  • Contact
  • News
  • Links
Header Image

NEC recognized 13,000 election monitors

Posted on: May 10, 2017 7:47 pm

មន្ត្រី​ជាន់​ខ្ពស់​ គ.ជ.ប នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ម្សិល​មិញ​។ រូបថត ទូច សុខា​

គ.ជ.ប ទទួល​ស្គាល់​អ្នក​សង្កេត ការណ៍​បោះ​ឆ្នោត​ជាង​ ១៣ ​ម៉ឺន​នាក់
Wed 15th Waxing Moon of Visakha B.E.2561, May 10, A.D.2017 Year of the Rooster
The Phnom Penh Post

គិត​មក​ដល់​ត្រឹម​ថ្ងៃទី​៨​ខែ​ឧសភា គជប បាន​ទទួល​ស្គាល់​អ្នក​សង្កេត​ការណ៍​មក​ពី​អង្គការ​ជាតិ និង​អន្តរជាតិ​ជាង ៣ ម៉ឺន​នាក់ និង​មក​ពី​គណបក្ស​នយោបាយ​ចំនួន​១២​ដែល​ចូលរួម​ប្រកួត​នៅ​ក្នុង​ការ​បោះ​ឆ្នោត ជ្រើសរើស​ក្រុម​ប្រឹក្សា ឃុំ សង្កាត់ មាន​ជាង​១០​ម៉ឺន​នាក់​ខណៈ​ដែល គជប បាន​អះអាង​ថា ខ្លួន​មាន​វិធាន​រឹងមាំ ក្នុង​ការ​ទប់ស្កាត់​អ្នក​បោះ​ឆ្នោត​លើស​ពី​ម្តង​។
ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​កាលពី​ថ្ងៃទី ៨ ខែ​ឧសភា ដែល​ត្រូវ​បាន​ចែក​ជូន​អ្នក​សារ​ព័ត៌មាន​កាលពី​ម្សិលមិញ គ.ជ.ប បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី ៨ ខែ​ឧសភា​ខ្លួន​បាន​ទទួល​ស្គាល់​អ្នក​សង្កេត​ការណ៍​មក​ពី​អង្គការ​ជាតិ​ចំនួន ៣០៦៣០​នាក់ មក​ពី​អង្គការ​ចំនួន ៩​ផ្សេង​គ្នា ដែល​ក្នុង​នោះ​សហភាព​សហព័ន្ធ​កម្ពុជា អង្គ​ការ​ខុម ហ្វ្រែល និង​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍ​។
បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល សម្រាប់​ស្ថាប័ន​អន្តរជាតិ​ចំនួន​ប្រាំ​មួយ បាន​ផ្តល់​អ្នក​សង្កេត​ការណ៍​របស់​ខ្លួន​ចំនួន ៤១ នាក់ ដែល​ក្នុង​នោះ វិទ្យាស្ថាន NDI មាន​ចំនួន​ច្រើន​ជាង​គេ​គឺ ១៦ នាក់ សហភាព​អឺរ៉ុប​ចំនួន ១២ នាក់​រួម​ទាំង​អ្នក​បក​ប្រែ និង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ចំនួន​៩​នាក់ ចំណែក​ស្ថាប័ន​បី​ផ្សេង​ទៀត​មាន​អ្នក​សង្កេត​ការណ៍​ម្នាក់ និង​ពីរ​នាក់​ប៉ុណ្ណោះ​។
ចំណែក​គណបក្ស​នយោបាយ​ទាំង ១២ ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​វិញ​មាន​ភ្នាក់ងារ​សង្កេត​ការណ៍​សរុប​ចំនួន ១០៥ ០៧៦ នាក់ ក្នុងនោះ​គណបក្ស​ប្រជាជន​មាន​ចំនួន ៤៤ ៦១៤​នាក់ គណបក្ស​សង្គ្រោះ​ជាតិ​មាន​ចំនួន ៤៣ ៥៩៦ នាក់​។ ចំណែក​គណបក្ស​ដែល​មាន​ភ្នាក់ងារ​សង្កេតការណ៍​តិចជាងគេ គឺ​គណបក្ស​សញ្ជាតិ​កម្ពុជា​ដែល​មានតែ​ប្រាំបួន​នាក់​ប៉ុណ្ណោះ​។
កាលពី​ម្សិលមិញ គ.ជ.ប ក៏បាន​ប្រជុំ​ផ្សព្វផ្សាយ​ពី​យន្តការ​ការពារ​សន្តិ​សុខ​បោះ​ឆ្នោត នៅ​តាម​ការិយាល័យ​និង​ការ​រាប់​សន្លឹក​ឆ្នោត​។

ក្នុង​កិច្ច​ប្រជុំ​នោះ មាន​សំណួរ​ដាក់​ទៅកាន់ គ.ជ.ប ជាច្រើន​ទាក់ទង​នឹង​គុណភាព​ទឹក​ខ្មៅ​សម្រាប់​ជ្រលក់​ដៃ​ពី​សំណាក់​អ្នក​ចូលរួម​ដោយ​ថា កាលពី​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៣​មាន​សេចក្តី​រាយការណ៍​ថា ទឹកខ្មៅ​នេះ អាច​លាង​ជ្រះ​បាន​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ជ្រលក់​ប៉ុណ្ណោះ​។

ជា​ការ​ឆ្លើយ​តប​អគ្គលេខាធិការ គ.ជ.ប លោក​ទេព នីថា ថ្លែងថា គ.ជ.ប បាន​បញ្ជា​ទិញ​ទឹក​ខ្មៅ​នេះ ពី​ប្រទេស​ឥណ្ឌា​ហើយ តែ​មិន​ទាន់​មកដល់​ឡើយ​ទេ​។

លោក​អះអាង​ថា ទឹក​ខ្មៅ​ដែល​បញ្ជា​ទិញ​នេះ​មិន​អាច​លាង​ជ្រះ​ភា្លមៗ​ដោយ​វិធី​សាមញ្ញ​បាន​ទេ និង​ធានា​ថា មិន​ឲ្យ​មាន​អ្នក​ទៅ​បន្លំ​បោះឆ្នោត​បានជា​លើក​ទី​ពីរ​នោះទេ​។
លោក​បន្ថែម​ថា​៖ «​ហើយ​បញ្ហា​នេះ​បើ​យើង​និយាយ​ពី​វិទ្យាសាស្ត្រ​វិញ វា​មិន​ដែល​មាន​ស្អី​ទៅ​ដែលថា លាង​មិន​ជ្រះ​ទេ សូម្បី​គេ​ចាក់​សាក់​ចូលក្នុង​ខ្លួន​ហើយ នៅ​តែ​គេ​ជម្រះ​ស្អាត ចុះ​ទម្រាំ​យើង​ជ្រលក់​ទទេ​អ៊ីចឹង​! តែ​យ៉ាង​ហោច​ណាស់​ការ​លាង​ងាយៗ​ហ្នឹង​មិនអាច​ធ្វើ​ទៅ​បាន​ដែរ​»​។

ក្រៅពី​ទឹក​ខ្មៅ​នេះ​លោក ទេព នីថា បញ្ជាក់​ថា គ.ជ.ប មាន​យន្តការ​ផ្សេង​ទៀត ដែល​អាច​ទប់ស្កាត់​អ្នក​ទៅ​បោះឆ្នោត​លើស​ពី​ម្តង​បាន​។ យន្ត​ការណ៍​នោះ​គឺ អ្នក​បោះឆ្នោត​មាន​រូបថត​របស់​ខ្លួន​នៅ​នឹង​បញ្ជី​ឈ្មោះ​បោះឆ្នោត ដែល​ត្រូវ​ផ្ទៀងផ្ទាត់​ជាមួយ​អត្ត​សញ្ញាណ​ប័ណ្ណ​និង​សាមី​ខ្លួន​ផ្ទាល់​។ ម្យ៉ាង​ទៀត​លោក​ថា ភ្នាក់ងារ​សង្កេត​ការណ៍ ក៏​ជា​អ្នក​ឃ្លាំ​មើល​ការផ្ទៀងផ្ទាត់​ឈ្មោះ​អ្នកបោះឆ្នោត​នេះ​ទៀត ដែល​មិន​អាច​មាន​អ្នក​ទៅ​បោះ​បាន​លើសពី​ម្តង​នោះទេ​។
លោក​បន្តថា​៖«​អ៊ីចឹង​ទេ​យើង​មាន​វិធានការ​បន្ថែម​ច្រើនណាស់​ទាំង​នៅលើ​ក្រដាស​ស្នាម ទាំង​ជ្រលក់​ទឹកខ្មៅ​ទាំង​ឲ្យ​សាមី​ខ្លួន​ទទួល​ស្គាល់​ខ្លួនឯង​ថា បាន​ (​គូស​) ​ធី​កលើ​ហ្នឹង​ទាំង​សាក្សី​ភ្នាក់ងារ​គណបក្ស​នយោបាយ និង​អ្នក​សង្កេត​ការណ៍​នៅ​ទីនោះ​…​អ៊ីចឹង​ទេ​ទឹកខ្មៅ​គ្រាន់តែ​ជា​វិធានការ​មួយ​ក្នុង​ចំណោម​វិធានការ​ប្រាំពីរ​ប្រាំបី​របស់ គ.ជ.ប​»​។
យោង​តាម​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ មាត្រា ១៧១ ចែង​ពី​ការ​ផាក​ពិន័យ​ជា​ទឹក​ប្រាក់​ពី​ប្រាំ​លាន​រៀល ដល់​ម្ភៃ​លាន​រៀល ដោយ គជប ដោយ​ពុំ​ទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត​ចំពោះ​ជន​ណា​ដែល​ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ នាំ​ឲ្យ​បាត់​ទំនុកចិត្ត​លើ​ការ​បោះឆ្នោត​។
អ្នក​នាំ​ពាក្យ គ.ជ.ព លោក ហង្ស ពុទ្ធា បាន​ថ្លែង​ថា ចំនួន​តួលេខ​អ្នក​សង្កេត​ការណ៍​នេះ​ជា​ចំនួន​បណ្តោះ​អាសន្ន ដែល​អាច​មាន​ច្រើន​ជាង​នេះ​ទៀត ដោយ​កាល​បរិច្ឆេទ​សុំ​ដាក់​ភ្នាក់ងារ​សង្កេត​ការណ៍​មាន​រហូត​ដល់​ថ្ងៃទី ២៤ ខែ​ឧសភា​។
ទាំង​លោក ហង្ស ពុទ្ធា និង​នាយក​ប្រតិបត្តិ​អង្គការ​និក​ហ្វិច លោក សំ គន្ធាមី ថ្លែងថា តួលេខ​អ្នក​ចុះ​ឈ្មោះ​ធ្វើ​ជា​ភ្នាក់ងារ​សង្កេត​ការណ៍ ហាក់​មាន​ច្រើន​ជាង​កាលពី​ការ​បោះឆ្នោត​លើក​មុន បើទោះបីជា​អ្នក​ទាំងពីរ មិន​អាច​ផ្តល់​តួលេខ​ជាក់លាក់​ក៏​ដោយ​។
លោក សំ គន្ធាមី បង្ហាញ​ជំនឿ​លើ​ការរៀបចំ​ការ​បោះឆ្នោត​របស់ គ.ជ.ប នា​ពេល​ខាង​មុខ ដោយ​ថា បញ្ជី​ឈ្មោះ​បោះឆ្នោត​ល្អ​ប្រសើរ​ជាង​មុន ដោយ​មាន​ភ្ជាប់​ជាមួយ​នូវ​រូបថត​របស់​អ្នក​បោះឆ្នោត​។
ទោះ​យ៉ាង​ណា លោក​ស្នើ​ឲ្យ គ.ជ.ប ធ្វើ​ការ​ពិសោធ​ទឹក​ថ្នាំ​ជ្រលក់​ដៃ​មុន​ថ្ងៃ​បោះឆ្នោត​ឲ្យ​បាន​ច្រើន​ថ្ងៃ ដើម្បី​ងាយស្រួល​រក​វិធី​ដោះស្រាយ​បើ​សិន​ជា​ទឹក​ថ្នាំ​មាន​បញ្ហា​។
លោក​បន្ថែម​ថា​៖«​កាលពី​ឆ្នាំ ២០១៣ ខុម ហ្វ្រែល គាត់​បានធ្វើ​ការ​សាកល្បង​ដែរ​ទឹក​ខ្មៅ​ហ្នឹង​ថា អាច​លាង​ជ្រះ ហើយ​គាត់​បានចេញ​សេចក្តី​ថ្លែង​ការណ៍ តែ​វា​កៀក​ពេល​ដែរ តែមួយ​ថ្ងៃមុន​ថ្ងៃ​បោះឆ្នោត យើង​កែ​តម្រូវ​ក៏​អត់​ទាន់​ដែរ​…​ឥឡូវ គ.ជ.ប គួរ​តែ​ធ្វើ​តេស្ត​សាកល្បង​មុន​ទៅ ទឹក​ខ្មៅ​មក​ដល់​ធ្វើ​មុន​ទៅ​ស្រួល​ថា បើ​លាង​ជ្រះ​រក​វិធី​ដាក់​ថ្នាំ​ដាក់​សារធាតុ​អ្វី​បន្ថែម​កុំ​ឲ្យ​លាង​ជ្រះ​»​។
បើ​តាម​លោក ហង្ស ពុទ្ធា ទឹកខ្មៅ​ដែល​កុម្ម៉ង់​ទិញ​ពី​ឥណ្ឌា នឹង​មក​ដល់​ប្រទេស​កម្ពុជា​ប្រហែល​ជា​ ១៥ ​ថ្ងៃ​មុន​ថ្ងៃ​បោះ​ឆ្នោត​៕

Share this:

  • Facebook
  • Twitter
  • More
  • Pinterest
  • Tumblr
  • LinkedIn
  • Pocket
  • Reddit
  • Print

Related

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សូមគាំទ្រឧបត្ថម្ភ សហគមន៍ខ្មែរក្រោម Support KKC

សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។





វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

Khmer Patriotic Songs

Khmer Patriotic Songs

ចម្រៀងស្នេហាជាតិខ្មែរកម្ពុជាក្រេាម ផ្សាយដោយសហគមន៍ខ្មែរកម្ពុជាក្រោម នៅសហរដ្ឋអាមេរិក Kampuchea Krom Patriotic Songs: Released 2548/2004

We’re On Facebook

Facebook Pagelike Widget

Sign in

Login to this site requires ssl communication.
Click here to reload the page over ssl.

  • Lost your password?

  • Back to login
Loading

You must be logged in to post a comment.

Loading Comments...
Comment
    ×