khmerkromngo.org
Civil Society urged to hire additional election monitors - Khmer Krom Community
អង្គការក្រៅរដ្ឋាភិបាលជំរុញ​ឲ្យ​ជ្រើសរើសអ្នក​សង្កេតការណ៍​បោះឆ្នោត​បន្ថែម ក្រុម​​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​មាន​​ការ​ជ្រើសរើស​​មន្រ្តី​សង្កេតការណ៍​បោះឆ្នោត​បន្ថែម​ទៀត​​នៅ​មុន​ការ​បោះឆ្នោត​នាពេល​ខាង​មុខ​។ Mon 9th Waning Moon of Māgha B.E.2560, February 20, A.D.2017 Year of the Monkey The Phnom Penh Post បើ​តាម​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត ខុមហ្វ្រែល ឲ្យ​ដឹង​ថា​វា​នៅ​មិន​ទាន់​មាន​អ្នក​សង្កេតការណ៍​បោះឆ្នោត​គ្រប់គ្រាន់​នៅ​ឡើយ​​ទេ ដើម្បី​សង្កេត​នៅ​​ការិយាល័យ​បោះឆ្នោត​​ ២២០០០ ​ការិយាល័យ​នៅ​​ទូទាំង​ប្រទេស​។ ​«​យើង​ត្រូវ​តែ​មាន​​អ្នក​សង្កេតការណ៍​យ៉ាង​ហោច​ណាស់​​​ម្នាក់​​នៅ​​ក្នុង​ការិយាល័យ​បោះឆ្នោត​នីមួយៗ​ ប៉ុន្តែ​យើង​គួរ​តែ​មាន​ច្រើន​ជាង​នេះ​»។ ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​គ្រោង​​ជ្រើសរើស​អ្នក​សង្កេតការណ៍​បោះឆ្នោត​​យ៉ាង​ហោច​ណាស់​​​ចំនួន ១២ ០០០ ​នាក់​​​​នៅ​ត្រឹម​ដើម​ខែ​ឧសភា​ខាង​មុខ​នេះ​។ ​ លោក​ថា​៖ «​​យើង​កំពុង​ព្យាយាម​​​ជំរុញ​​អង្គការ​ក្រៅ​រដ្ឋាភិបាល​​​ជ្រើសរើស​​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»។ «​​មនុស្ស​ជាច្រើន​ដែល​​ត្រូវ​បាន​បណ្តុះបណ្តាល​​នៅក្នុង ​[​ការ​បោះឆ្នោត​មុនៗ​]​ បាន​ធ្វើ​ដំណើរ​ចេញ​ពី​ភូមិ​​ស្រុក​របស់​ខ្លួន​​ដើម្បី​ទៅ​ធ្វើ​ការងារ ដូច្នេះ​យើង​កំពុង​ព្យាយាម​តាម​រក​ពួកគេ​»។ បើ​ទោះបី​ជា​អ្នក​សង្កេតការរណ៍​បោះឆ្នោត​​ស្ម័គ្រ​ចិត្ត​ចំណាយ​ពេលវេលា​របស់​ខ្លួន​ក៏ដោយ ​ក៏​អង្គការ​ក្រៅ​រដ្ឋាភិបាល​ត្រូវ​ទទួល​បន្ទុក​​​បណ្តុះបណ្តាល​​ពួកគេ​ដឹក​​ពួកគេ​ទៅ​ការិយាល័យ​បោះឆ្នោត​ និង​ផ្តល់​អាហារ​ដល់​ពួកគេ​នៅ​ថ្ងៃ​បោះឆ្នោត​ដែល​​អ្វី​ទាំងអស់​នេះ​តម្រូវ​ឲ្យ​មាន​ថវិកា​​។ វីដេអូ​មួយ​​ដែល​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​បាន​បង្ហាញ​​អំពី​តំណាង​​មជ្ឈមណ្ឌល​​កម្ពុជា​ដើម្បី​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​​ថ្លែង​ទៅ​កាន់​​វេទិកា​មួយ​នៅក្នុង​ទីក្រុង​មែលប៊ន ប្រទេស​អូស្រ្តាលី​​អំពី​តម្រូវការ​​ឲ្យ​មាន​អ្នក​សង្កេតការណ៍​បន្ថែម​ទៀត​។ លោក បញ្ញា ថ្លែង​ថា​៖ «​យើង​​ត្រូវ​រៃ​អង្គាស​ថវិកា​ក្នុង​ប្រទេស​កម្ពុជា ​ប៉ុន្តែ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ ក៏​​កំពុង​ព្យាយាម​រៃអង្គាស​ថវិកា​ពី​បរទេស​ផង​ដែរ​»៕