• Home
  • Khmer Heroes
  • About
  • Media center
  • Activities
  • Map
  • Culture
  • Donations
  • Contact
  • News
  • Links
Header Image

Annexation of Kampuchea Krom to Vietnam in A.D.1949

Posted on: December 9, 2016 8:14 pm

ការភ្ជាប់ទឹកដីកម្ពុជាក្រោម (កូសាំងស៊ីន) ទៅក្នុងប្រទេសវៀតណាមគ.ស.១៩៤៩
Annexation of Kampuchea Krom (French Cochin China) to Vietnam in A.D.1949

Fri the 10th Waxing Moon of Māgasira B.E.2560, December 9, A.D.2016 Year of the Monkey

នៅក្នុងនាទីប្រវត្តិសាស្រ្តពិភពលោករបស់យើង នៅសប្តាហ៍នេះ សេង ឌីណា សូមបន្តលើកឡើង អំពីដំណើរការរំសាយអាណានិគមនៅឥណ្ឌូចិន ដោយផ្តោតជាពិសេសទៅលើបញ្ហាកូសាំងស៊ីន (ឬកម្ពុជាក្រោម)។

លោក វាុំងសង់ អូរីយ៉ូល Vincent Auriol ប្រធានាធិបតីបារាំងពីគ.ស.១៩៤៧ ដល់គ.ស.១៩៥៤ និងអតីតអធិរាជអាណ្ណាម បាវ ដាយ

សហភាពឥណ្ឌូចិន ដែលស្ថិតក្រោមអាណានិគមបារាំង តាំងពីសតវត្សរ៍ទី១៩ ត្រូវបែងចែកជា ៥រដ្ឋផ្សេងគ្នា គឺ កម្ពុជា ឡាវ តុងកឹង (វៀតណាមខាងជើង) អាណ្ណាម (វៀតណាមកណ្តាល) និងកូសាំងស៊ីន (កម្ពុជាក្រោម) ដែលស្ថិតនៅប៉ែកខាងត្បូងវៀតណាមបច្ចុប្បន្ន។ កម្ពុជា ឡាវ តុងកឹង និងអាណ្ណាម ថ្វីដ្បិតតែត្រូវស្ថិតក្រោមអំណាចអាណានិគមបារាំង ក៏ប៉ុន្តែ នៅមានទម្រង់ជាប្រទេស និងមានអំណាចនយោបាយដាច់ពីបារាំង។ ផ្ទុយទៅវិញ កូសាំងស៊ីនត្រូវបានបារាំងកាត់យកមកធ្វើជាអាណាខេត្តរបស់ខ្លួនទាំងស្រុង ដោយមានលក្ខន្តិកៈជាដែនដីបារាំងនៅនាយសមុទ្រ (Territoire d’Outre-mer)។

កូសាំងស៊ីនធ្លាប់ជាទឹកដីរបស់នគរខ្មែរ ក៏ប៉ុន្តែ ត្រូវនគរអាណ្ណាមចូលមកកាន់កាប់ និងកាត់យកទៅធ្វើជាទឹកដីរបស់ខ្លួន ចាប់ពីក្នុងអំឡុងសតវត្សរ៍ទី១៧ មុននឹងត្រូវបារាំងច្បាំងដណ្តើមយកមកកាន់កាប់ នៅឆ្នាំ១៨៦២។

នៅឆ្នាំ១៨៦៤ នៅក្រោយពេលដែលព្រះបាទនរោត្តមព្រមដាក់កម្ពុជាឲ្យស្ថិតក្រោមអាណាព្យាបាលបារាំង លោក Pierre-Paul de la Grandière ទេសាភិបាលបារាំងនៅកូសាំងស៊ីន ធ្លាប់បានសន្យាថានឹងជួយកម្ពុជាឲ្យយកមកវិញនូវទឹកដីដែលបាត់បង់ទៅប្រទេសជិតខាង។ ក៏ប៉ុន្តែ ពាក្យសន្យានេះ បារាំងបានធ្វើតែចំពោះទឹកដីដែលខ្មែរបាត់បង់ទៅសៀមតែប៉ុណ្ណោះ។ ចំពោះទឹកដីកម្ពុជាក្រោមវិញ បន្ទាប់ពីបានដណ្តើមពីវៀតណាមមកកាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួនអស់រយៈពេលជិត១សតវត្សរ៍ បារាំងស្រាប់តែបានប្រគល់ទៅឲ្យវៀតណាមវិញ នៅឆ្នាំ១៩៤៩ ដោយមិនកាត់មកឲ្យខ្មែរដែលជាម្ចាស់ដើមនោះទេ។

ការណ៍ដែលបារាំងសម្រេចកាត់ទឹកដីកម្ពុជាក្រោមទៅឲ្យវៀតណាមត្រូវបានធ្វើឡើង នៅក្នុងបរិបទនៃសង្រ្គាមឥណ្ឌូចិន ដែលបារាំងត្រូវប្រឈមមុខនឹងចលនាឧទ្ទាមកុម្មុយនិស្តវៀតណាម គឺពួកវៀតមិញ។

នៅក្នុងអំឡុងសង្រ្គាមលោកលើកទី២ ពេលដែលបារាំងត្រូវធ្លាក់ចុះខ្សោយ តំបន់ឥណ្ឌូចិនត្រូវធ្លាក់ក្រោមការកាន់កាប់របស់ជប៉ុន។ ក្រោយពេលដែលជប៉ុនចាញ់សង្រ្គាមលោកលើកទី២ នៅឆ្នាំ១៩៤៥ ទើបបារាំងចូលមកត្រួតត្រាឥណ្ឌូចិនឡើងវិញ ក៏ប៉ុន្តែ ដោយមើលឃើញពីការរីកដុះដាលនៃចលនាទាមទារឯករាជ្យ បារាំងដឹងច្បាស់ថា ខ្លួននឹងមិនអាចកាន់កាប់តំបន់ឥណ្ឌូចិនពេញដៃដូចកាលពីមុនសង្រ្គាមនោះទេ។ ហេតុដូច្នេះហើយបានជាបារាំងដាក់ចេញនូវផែនការមួយ គឺកែប្រែសហភាពឥណ្ឌូចិនឲ្យទៅជា “សហព័ន្ធឥណ្ឌូចិន” ដោយប្រទេសជាសមាជិកនីមួយៗត្រូវទទួលបានឯករាជ្យស្ទើរតែពេញលេញ ពោលគឺ ត្រូវក្តោបក្តាប់អំណាចទាំងអស់ លើកលែងតែវិស័យកងទ័ព និងហិរញ្ញវត្ថុ ដែលត្រូវបន្តស្ថិតក្នុងដៃបារាំង។

ជាមួយកម្ពុជា និងឡាវ ការចរចាជុំវិញលក្ខន្តិកៈពាក់កណ្តាលឯករាជ្យនេះបានប្រព្រឹត្តទៅដោយគ្មានឧបសគ្គអ្វីធំដុំនោះទេ ហើយនៅក្នុងពេលកំពុងរង់ចាំការចុះសន្ធិសញ្ញាជាស្ថាពរ កិច្ចព្រមព្រៀងបណ្តោះអាសន្ន (Modus vivendi) ត្រូវបានចុះរវាងបារាំង និងកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៤៦ និងរវាងបារាំង និងឡាវ នៅថ្ងៃទី២៧ ខែសីហាឆ្នាំដដែល។

ជាមួយវៀតណាមវិញ ការចរចាត្រូវជួបនឹងបញ្ហាស្មុគស្មាញច្រើន ម្យ៉ាង ដោយសារតែវៀតណាមនៅពេលនោះមិនមែនជាប្រទេសរួមគ្នាតែមួយ ពោលគឺ ត្រូវចែកជាតុងកឹង និងអាណ្ណាម ដែលមានអំណាចនយោបាយដាច់ចេញពីគ្នា ហើយម្យ៉ាងទៀត គឺដោយសារតែមានចលនាកុម្មុយនិស្តវៀតមិញ ដែលបានប្រកាសឯករាជ្យជាឯកតោភាគីបង្កើតជាសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមរួចទៅហើយ តាំងពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥។

នៅក្នុងការចរចាជាមួយបារាំង ហូ ជីមិញ ដែលជាប្រមុខដឹកនាំសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ហើយដែលមានមូលដ្ឋាននៅតុងកឹង (វៀតណាមខាងជើង) បានទាមទារឲ្យបារាំងប្រគល់ឯករាជ្យភ្លាមៗដល់វៀតណាម ហើយប្រទេសវៀតណាមឯករាជ្យនេះត្រូវតែរួមបញ្ចូលគ្នានូវតំបន់ទាំង ៣ គឺ តុងកឹង អាណ្ណាម និងកូសាំងស៊ីន ដែលវៀតណាមចាត់ទុកថាជាទឹកដីរបស់ខ្លួន ដែលបារាំងច្បាំងដណ្តើមយកទៅធ្វើជាអាណាខេត្ត។

លក្ខខណ្ឌនេះត្រូវបានបារាំងច្រានចោល ដោយសារតែនៅពេលនោះ បារាំងចង់រក្សាទឹកដីកូសាំងស៊ីនទុកជាអាណាខេត្តរបស់ខ្លួនតទៅទៀត។ ក្រោយមកទៀត បារាំងបានសុខចិត្តធ្វើសម្បទានដល់ហូ ជីមិញ ដោយយល់ព្រមបើកឲ្យមានការបោះឆ្នោតប្រជាមតិ ដើម្បីឲ្យប្រជាជនជាអ្នកសម្រេចថា តើគួរបញ្ចូលតំបន់ទាំង ៣ ជាប្រទេសវៀតណាមតែមួយឬក៏យ៉ាងណា។ តំណាងរដ្ឋាភិបាលបារាំង និងហូ ជីមិញ ក៏បានចុះកិច្ចព្រមព្រៀងមួយក្នុងន័យនេះ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ១៩៤៦ ដោយត្រៀមរៀបចំបើកធ្វើសន្និសីទមួយ នៅហ្វុងតែនប្លូ (Fontainebleau) ប្រទេសបារាំង ដើម្បីចរចាលើកិច្ចព្រមព្រៀងស្ថាពរ។

ក៏ប៉ុន្តែ ការខ្វែងគំនិតគ្នា រវាងបារាំង និងពួកវៀតមិញក៏បានកើតឡើងម្តងទៀត ជុំវិញដំណើរការនៃការបោះឆ្នោតប្រជាមតិ។ ហូ ជីមិញ ទាមទារឲ្យតុងកឹង អាណ្ណាម និងកូសាំងស៊ីនរៀបចំធ្វើប្រជាមតិរួមគ្នាជាប្លុក។ ចំណែកលោក Thierry d’Argenlieu ដែលនៅពេលនោះជាអគ្គស្នងការបារាំងប្រចាំតំបន់ឥណ្ឌូចិន (Haut-commissaire de France en Indochine) យល់ឃើញថា ការបោះឆ្នោតប្រជាមតិជាប្លុកនេះមិនមានភាពយុត្តិធម៌ ពីព្រោះថា ប្រជាជននៅតុងកឹង និងអាណ្ណាម ដែលសុទ្ធតែចង់ទាមទារយកកូសាំងស៊ីនទៅវិញ គឺមានចំនួនច្រើនលើសលុបធៀបនឹងប្រជាជននៅកូសាំងស៊ីន។ ហេតុដូច្នេះហើយបានជាលោកទាមទារថា បារាំងត្រូវតែបើកផ្លូវឲ្យកូសាំងស៊ីនអាចក្លាយជារដ្ឋឯករាជ្យមួយដូចជារដ្ឋផ្សេងទៀតក្នុងសហព័ន្ធឥណ្ឌូចិនដែរ ហើយរដ្ឋកូសាំងស៊ីនថ្មីនេះគឺជាអ្នកមានសិទ្ធិសម្រេចដោយខ្លួនឯងអំពីទំនាក់ទំនងជាមួយនឹងវៀតណាម។

នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៤៦ នៅក្នុងពេលដែល ហូ ជីមិញ ដឹកនាំគណៈប្រតិភូវៀតណាមចេញទៅបារាំង ដើម្បីចូលរួមក្នុងសន្និសីទនៅហ្វុងតែនប្លូ លោក Thierry d’Argenlieu បានប្រកាសឲ្យកូសាំងស៊ីនក្លាយជារដ្ឋស្វយ័ត ដោយមានឈ្មោះថា “សាធារណរដ្ឋកូសាំងស៊ីន” និងមានរដ្ឋាភិបាលបណ្តោះអាសន្ន នៅទីក្រុងសៃហ្កន (ព្រៃនគរ)។ រដ្ឋាភិបាលបណ្តោះអាសន្ននេះហើយ ដែលនឹងត្រូវទទួលបន្ទុករៀបចំការបោះឆ្នោតប្រជាមតិ សម្រេចជោគវាសនាកូសាំងស៊ីន។

សម្រាប់ ហូ ជិមិញ ការផ្តាច់កូសាំងស៊ីនឲ្យទៅជារដ្ឋឯករាជ្យនេះ គឺជាការរំលោភលើកិច្ចព្រមព្រៀង ដែលបានចុះកាលពីខែមីនា។ សន្និសីទនៅហ្វុងតែនប្លូត្រូវទទួលបរាជ័យ។ ការចរចា រវាងបារាំង និងហូ ជីមិញ ក៏ត្រូវជាប់គាំង។ នៅខែធ្នូឆ្នាំ១៩៤៦ សង្រ្គាម រវាងបារាំង និងវៀតមិញ (សង្រ្គាមឥណ្ឌូចិន) ក៏ចាប់ផ្ទុះឡើង។

នៅក្នុងពេលដែលសង្រ្គាមឥណ្ឌូចិនកំពុងឆាបឆេះពេញបន្ទុក បារាំងបានចាប់ផ្តើមគិតគូរបង្កើតរដ្ឋាភិបាលវៀតណាមថ្មីមួយ ដើម្បីប្រជែងជាមួយនឹងរដ្ឋាភិបាលកុម្មុយនិស្ត នៅវៀតណាមខាងជើង។ គោលដៅរបស់បារាំង គឺធ្វើយ៉ាងណាកាត់ផ្តាច់ពួកវៀតមិញ ពីការគាំទ្ររបស់ប្រជាជនវៀតណាម តាមរយៈការសន្យាផ្តល់ឯករាជ្យដល់វៀតណាម ដឹកនាំដោយរដ្ឋាភិបាលមួយ ដែលមិនមែនកុម្មុយនិស្ត។ នៅពេលនោះ បារាំងសំឡឹងឃើញថា មានឥស្សរជនតែម្នាក់គត់ ដែលអាចឡើងមកដឹកនាំរដ្ឋាភិបាលវៀតណាមប្រជែងនឹងប្រជាប្រិយភាពរបស់ហូ ជីមិញបាន គឺ បាវដាយ អតីតអធិរាជនៃនគរអាណ្ណាម ដែលត្រូវពួកវៀតមិញបង្ខំឲ្យដាក់រាជ្យ និងរត់ទៅរស់នៅនិរទេសខ្លួន នៅហុងកុង។

នៅឆ្នាំ១៩៤៧ បារាំងបានចាប់ផ្តើមទាក់ទងជាមួយបាវដាយ ដើម្បីសុំឲ្យទ្រង់មកដឹកនាំរដ្ឋាភិបាលវៀតណាមថ្មី ដែលបារាំងគ្រោងបង្កើត ដើម្បីប្រឆាំងនឹងវៀតមិញ។ ក៏ប៉ុន្តែ បាវដាយមិនបានយល់ព្រមភ្លាមៗនោះទេ ដោយបានធ្វើជាកិកកុក ដើម្បីទាមទារនូវលក្ខខណ្ឌជាច្រើន ជាពិសេស គឺទាមទារឲ្យបារាំងទទួលស្គាល់ឯករាជ្យរបស់វៀតណាមជាប្រទេសរួមគ្នានូវដែនដីទាំង៣ គឺតុងកឹង អាណ្ណាម និងកូសាំងស៊ីន។ និយាយឲ្យចំ លក្ខខណ្ឌដែលបាវដាយទាមទារនេះ គឺដូចគ្នាទៅនឹងការទាមទាររបស់ហូ ជីមិញ ហើយដែលបារាំងធ្លាប់បានបដិសេធរួចទៅហើយ។

ក៏ប៉ុន្តែ បារាំងក្នុងពេលចរចាជាមួយបាវដាយ គឺខុសគ្នាពីបារាំងក្នុងពេលចរចាជាមួយហូជីមិញ។ រដ្ឋាភិបាលបារាំងបានផ្លាស់ប្តូរប្រមុខដឹកនាំជាច្រើនដំណាក់កាលរួចទៅហើយ ហើយរបបនយោបាយថ្មីមួយត្រូវបានបង្កើតឡើងនៅបារាំង គឺរបបសាធារណរដ្ឋទី៤ ដោយមានប្រធានាធិបតីថ្មី គឺលោក Vincent Auriol ដែលបានឡើងមកកាន់តំណែង នៅដើមឆ្នាំ១៩៤៧។ លោក Thierry d’Argenlieu អគ្គស្នងការបារាំងប្រចាំតំបន់ឥណ្ឌូចិនក៏ត្រូវបានផ្លាស់ចេញ នៅខែមីនា ឆ្នាំ១៩៤៧។

សម្រាប់រដ្ឋាភិបាលបារាំងថ្មី ការកម្ចាត់ចលនាកុម្មុយនិស្តវៀតមិញ ដើម្បីបញ្ចប់សង្រ្គាមឥណ្ឌូចិន គឺជាអាទិភាពធំជាងជោគវាសនានៃដែនអាណានិគមកូសាំងស៊ីន។ ហេតុដូច្នេះហើយបានជាបារាំងសុខចិត្តប្រគល់កូសាំងស៊ីនឲ្យទៅវៀតណាម ទៅតាមការទាមទាររបស់បាវដាយ ធ្វើយ៉ាងណាឲ្យតែបាវដាយសុខចិត្តទៅដឹកនាំរដ្ឋាភិបាលវៀតណាម ប្រឆាំងនឹងពួកវៀតមិញ។

ការចរចាជាមួយបាវដាយក៏បានឈានទៅដល់ការចុះកិច្ចព្រមព្រៀង នៅបេដាឡុង នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៤៨ ហើយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៤៩ លោក Vincent Auriol ប្រធានាធិបតីបារាំងបានផ្ញើលិខិតជាលាយលក្ខណ៍ទៅបាវដាយ ដោយបញ្ជាក់ពីការព្រមព្រៀងឲ្យវៀតណាមក្លាយទៅជាប្រទេសឯករាជ្យមួយ ដោយរួមបញ្ចូលតំបន់ទាំង៣ គឺ តុងកឹង អាណ្ណាម និងកូសាំងស៊ីន។

នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ សភាបារាំងក៏បានអនុម័តច្បាប់មួយបញ្ចប់លក្ខន្តិកៈជាទឹកដីនៅនាយសមុទ្ររបស់កូសាំងស៊ីន ដោយភ្ជាប់អតីតដែនដីរបស់នគរខ្មែរនេះ ទៅជាមួយនឹងប្រទេសវៀតណាម។ ១០ថ្ងៃក្រោយមក គឺនៅថ្ងៃទី១៤ ខែមិថុនា តុងកឹង អាណ្ណាម និងកូសាំងស៊ីនត្រូវបានគេច្របាច់បញ្ចូលគ្នាបង្កើតជារដ្ឋវៀតណាមឯករាជ្យមួយ ដែលមានរដ្ឋធានីនៅសៃហ្គន (ព្រៃនគរ) ក្រោមការដឹកនាំរបស់អតីតអធិរាជបាវដាយ៕

ប្រភពព័ត៌មាន វិទ្យុបារាំងអន្ដរជាតិ (RFI)

Share this:

  • Facebook
  • Twitter
  • More
  • Pinterest
  • Tumblr
  • LinkedIn
  • Pocket
  • Reddit
  • Print

Related

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សូមគាំទ្រឧបត្ថម្ភ សហគមន៍ខ្មែរក្រោម Support KKC

សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។





វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

Khmer Patriotic Songs

Khmer Patriotic Songs

ចម្រៀងស្នេហាជាតិខ្មែរកម្ពុជាក្រេាម ផ្សាយដោយសហគមន៍ខ្មែរកម្ពុជាក្រោម នៅសហរដ្ឋអាមេរិក Kampuchea Krom Patriotic Songs: Released 2548/2004

We’re On Facebook

Facebook Pagelike Widget

Sign in

Login to this site requires ssl communication.
Click here to reload the page over ssl.

  • Lost your password?

  • Back to login
Loading

You must be logged in to post a comment.

Loading Comments...
Comment
    ×