• Home
  • Khmer Heroes
  • About
  • Media center
  • Activities
  • Map
  • Culture
  • Donations
  • Contact
  • News
  • Links
Header Image

កូន​ខ្មែរ​មួយ​ចំនួន​​​មិនទាន់​យល់​ច្បាស់​ពី​ពាក្យ​ថា សុភាវធម៌ សុជីវធម៌ សីលធម៌ និងគុណធម៌ នៅ​ឡើយ​ទេ

Posted on: February 13, 2016 8:39 pm

ជីវិត និងសង្គម

An ethical, courteous manners and virtue not fully understand in Khmer society
កូន​ខ្មែរ​មួយ​ចំនួន​​​មិនទាន់​យល់​ច្បាស់​ពី​ពាក្យ​ថា សុភាវធម៌ សុជីវធម៌ សីលធម៌ និងគុណធម៌ នៅ​ឡើយ​ទេ

Sat the 6th Waxing Moon of Māgha B.E.2559, February 13, A.D.2016 Year of the Goat
ដោយ ជលស័យ
ថ្ងៃទី១២ ខែកក្កដា ព.ស.២៥៥៩ គ.ស.២០១៥
ពាក្យ​ថា​ សុភាវធម៌ សុជីវធម៌ សីលធម៌​ និងគុណធម៌ គេ​តែង​តែឮ​វា​ជា​ញឹក​ញាប់ ក៏​ប៉ុន្តែ កូន​ខ្មែរ​មួយ​ចំនួន​​មិន​ទាន់​យល់​ច្បាស់​ពី​អត្ថន័យ​ និង ចែក​ឲ្យ​ដាច់​រវាង​ពាក្យ​ទាំង​អស់​នេះ​នៅ​ឡើយ​ទេ។ រហូត​មាន​អ្នក​ខ្លះ​បាន​ប្រើប្រាស់​ពាក្យ​ទាំង​នេះ​ មិន​បាន​យល់​ពី​វា​ ដោយ​គ្រាន់​តែ​ឮ​គេ​ថា និង​កាត់​ន័យ​យល់​ដោយ​ខ្លួន​ឯង​ទៀត​ផង។

mother10

អ្វី​ទៅ​ដែល​ហៅ​ថា​សុភាវធម៌?

សុភាវធម៌ = សុ (ល្អ ប្រពៃ ប្រសើរ) + ភាវ (ភាព) + ធម៌ (ឱវាទ ក្រឹត្យក្រម ពាក្យ​ទូន្មាន​ណែនាំ ច្បាប់ វិន័យ)

សុភាវធម៌ មានន័យថា ជា​ក្រឹត្យ​ក្រម ច្បាប់​វិន័យ​អប់រំ ដើម្បី​ឲ្យ​មនុស្ស មាន​ដំណើរ​ក្នុង​ភាព​ជា​មនុស្ស​ល្អ​ប្រពៃប្រសើរ។ ហើយ​សុភាវធម៌ ចែក​ចេញ​ជា​បី​​គឺ សុជីវធម៌ សីលធម៌ និង​គុណធម៌។

តើ​អ្វី​ទៅ​សុជីវធម៌​?

សុជីវធម៌ = សុ (ល្អ ប្រពៃ ប្រសើរ) + ជីវ (ជីវិត) + ធម៌ (ឱវាទ ក្រឹត្យ​ក្រម ច្បាប់ វិន័យ ពាក្យ​ទូន្មាន​ណែនាំ)

សុជីវធម៌ សំដៅ​ទៅ​លើ​ច្បាប់​អប់រំ​ខ្លួន ដើម្បី​រក្សា​ដំណើរ​ជីវិត ឲ្យ​ប្រពៃ​សមសួន។ សុជីវធម៌ មាន​រួម​បញ្ចូល​នូវ​ការ​អប់រំ​ផ្សេងៗ ដូចជា ៖

  • ការ​ប្រើ​ពាក្យពេចន៍ និង​ការ​ប្រព្រឹត្ដិកិរិយាឲ្យ​សម​សួន តាម​វ័យ ​ឋានៈ និង​​ទីកន្លែង ជាដើម
  • ការ​រៀន​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​នាទី​របស់​ខ្លួន​
  • ការ​ទទួល​ស្គាល់​ដឹង​ថា ខ្លួន​ជា​ផ្នែក​មួយ​នៃ​សង្គម ត្រូវ​ស្គាល់​ច្បាប់​ទម្លាប់ និង​វិន័យ ដែល​មាន​ចែង សម្រាប់​រក្សា​សណ្ដាប់​ធ្នាប់ វិន័យ ​និង​របៀប​រៀបរយក្នុង​គ្រួសារ ឬ​ក្នុង​សង្គម។

តើ​អ្វី​ទៅ​សីលធម៌​?

កន្លងមក ខ្មែរ​យើង​ខ្លះ ចំណាំ​នាំ​គ្នា​ប្រើ​ពាក្យ​នេះ តាម​សម័យ​ប៉ុលពត ដែល​គេ​ប្រើ​ពាក្យ​នេះ ​សំដៅ​ទៅ​លើចំណង​រវាង​បុរស​និង​ស្ត្រី។ តែ​ពេល​នេះ យើង​សិក្សា​អំពី​អត្ថន័យ​ពិត​ប្រាកដ​របស់​ពាក្យ​សីលធម៌។

សីលធម៌ = សីល (ដំណើរ​ប្រព្រឹត្តវៀរ​ចាក​អំពើ​បាប ឬ​អំពើ​អាក្រក់) + ធម៌ (ឱវាទ ក្រឹត្យ​ក្រម ច្បាប់ វិន័យ ពាក្យ​ទូន្មាន​ណែនាំ)

សីលធម៌ សំដៅ​ទៅ​លើវិន័យ​ក្រឹត្យ​ក្រមសម្រាប់​អប់រំ​ខ្លួនឲ្យ​ប្រព្រឹត្តកាយ វាចា ចិត្ត វៀរ​ចាក​នូវ​អំពើ​បាប ឬ​អំពើ​អាក្រក់ ។ តើ​សីលធម៌​មាន​អ្វីខ្លះ?

នៅ​ក្នុង​ព្រះពុទ្ធ​សាសនា ជន​សាមញ្ញ​ទូទៅ ហោច​ណាស់ ត្រូវ​រៀនកាន់​ក្រឹត្យ​ វិន័យ​ឲ្យ​បាន​ប្រាំ​សាខាធំ​ៗ គឺ ៖

  • មិន​គិត មិន​ប្រព្រឹត្ត អំពើពាលា យាយី រំខាន ជីវិត ឬ​សេចក្ដី​សុខ របស់​ខ្លួន ឬ របស់​អ្នក​ដទៃ ដោយ កាយ វាចា ចិត្ត និង​គំនិត។
  • មិន​លួច​កេង​ប្រវ័ញ្ច លើ​អ្នក​ដទៃ ដើម្បី​ប្រយោជន៍របស់​ខ្លួន ដោយ​ការ​ប្រព្រឹត្ដិទាំងកាយ វាចា ចិត្ត និង​គំនិត
  • មិន​ភូតភរ កុហក​បោក​ប្រាស់ មិន​បំផ្លើស​ការពិត ឲ្យ​​កើតមានសៅហ្មង ឬ អន្តរាយ
  • មិន​សេព​គ្រឿងស្រវឹង ដែល​ធ្វើ​ឲ្យ​​បាត់​សតិ​ស្មារតីលែង​ស្គាល់ខុសត្រូវ ល្អ​អាក្រក់ សុចរិត ទុច្ចរិត
  • មិន​ប្រព្រឹត្ត​ខុសនៅ​ក្នុង​វិន័យ​ផ្លូវ​ភេទ មិន​ក្បត់​ភក្ដី​ភាពចំពោះ​ស្វាមី​ភរិយា មិន​បង្កអនាធិបតេយ្យផ្លូវ​ភេទ ដោយ​ប្រការ​ណា​មួយ​ឡើយ

ជាពិសេស​ត្រូវ​ចេះ​រំលត់លោភៈ​ទោសៈ​មោហៈរបស់​ខ្លួន។

តើ​គុណធម៌ ជា​អ្វី?

គុណធម៌ = គុណ (ដំណើរធ្វើ​ឲ្យចម្រើនឡើង ដោយ​លក្ខណៈ ដែល​អ្នក​ដទៃគួរ​គោរព) +ធម៌ (ឱវាទ ក្រឹត្យ​ក្រម ច្បាប់ វិន័យ ពាក្យ​ទូន្មាន​ណែនាំ)

គុណ​ធម៌​មាន​ន័យថា ជា​ការ​ប្រព្រឹត្ដិអំពើ​ល្អ​ប្រសើរចំពោះ​អ្នក​ដទៃ ដែល​ជា​អំពើ​ ដែល​នាំ​មក​នូវ​ភាព​ចម្រុង​ចម្រើន កាន់​តែ​ច្រើន ដែល​គេ​ផង​រាល់​គ្នាគោរពកោតសរសើរ ហើយ​ក៏​មានទឹកចិត្តកតញ្ញូ​ចង់​តប​ស្នងធ្វើ​នូវ​អំពើ​ល្អ​នោះត្រឡប់​ទៅ​វិញ បន្ថែម បន្ត​ទៀត ដោយ​ទឹក​ចិត្តជ្រះថ្ ពី​ក្នុង​ចិត្ត ​ក្នុង​បេះដូង​របស់​គេ។ គុណធម៌ គឺ​ជា​ដំណើរ​ប្រព្រឹត្តអំពើល្អរបស់​មនុស្សចំពោះ​ពលរដ្ឋ​ដទៃ​ទៀតក្នុង​សង្គម ដូចជា សង្គម​គ្រួសារ សង្គម​ការងារ សង្គមជាតិ ជាដើម។

តើ​ដំណើរ​ប្រព្រឹត្ត​អំពើ​គុណធម៌មាន​អ្វីខ្លះ​ទៅ ជាឧទាហរណ៍?

  • ការ​មាន​ទឹកចិត្តជួយ​ឈឺ​ឆ្អាល សុខ​ទុក្ខ​គ្នា ជួយ​ហុច​ដៃ ហុច​គំនិត យិត​យោង​គ្នា​ ពេល​មាន​គ្រោះ​អាសន្ន ឬ​មានការ​ខ្វះ​ខាតជាដើម។
  • ការ​មិន​ឈរ​មើល​បំណាំ​គ្នា ចាប់​កំហុស​គ្នាទៅ​វិញ​ទៅ​មក។
  • ការ​និយាយ​ស្ដី​លើក​កម្លាំង​ចិត្ត
  • ការ​ជួយ​ដាស់​តឿន បង្រៀន រំលឹក ណែនាំ​គ្នា
  • ការ​ដឹក​ដៃ ប្រាប់​នូវ​ប្រភព​ល្អៗ សម្រាប់​ពលរដ្ឋក្នុង​សង្គម​គ្រួសារ​ខ្លួន ឬ​សង្គមជាតិ ឲ្យ​​ចេះ​ជួយ​ខ្លួន​ឯង ឲ្យ​​រៀន​ស្វែង​រក​ផ្លូវ​ប្រសើរក្នុង​ជីវិត
  • ការ​មាន​សេចក្ដី​សណ្តោស​មេត្តា និង​មាន​សប្បុរសធម៌ ដល់​ពិការ​ជន ទុរគត​ជន កុមារ​កំព្រា​ ជន​ដែល​មាន​ជំងឺ​សតិ ឬ​ចាស់​ជរា ឬ​មនុស្ស ដែល​មិន​អាចជួយ​ខ្លួន​ឯង​បាន
  • ការ​ផ្ដល់​វិជ្ជា ការ​ថែ​ទាំ​អប់រំ ការ​រក្សា​មនុស្ស ឲ្យ​ចាក​ផុតពី​ការ​ប្រព្រឹត្ដិអំពើ​អាក្រក់ ជាដើម។

ដូចនេះ​ក្នុង​នាម​ជា​កូន​ខ្មែរ​ យើង​ត្រូវ​តែ​ស្វែង​យល់​ឲ្យ​ច្បាស់​ពី​អត្ថន័យ​របស់​ពាក្យ​ទាំង​អស់​នេះ ជា​ពិសេស​ត្រូវ​រៀន​ពី​សុភាវធម៌​ខ្មែរ​ ដើម្បី​ខ្លួនឯង​ គ្រួសារ​ និង​សង្គម​ជាតិ​ផង​ដែរ។ ជា​ចុង​ក្រោយ​ខ្ញុំ​ក៏​​សូម​អរគុណ​ផង​ដែរ​​ទៅ​ដល់​អ្នកស្រី កែវ ច័ន្ទបូរណ៍ ដែល​បាន​ចង​ក្រង​ឯកសារ​អំពី​សុភាវធម៌​ខ្មែរ​នេះ​ឡើង​ ដើម្បី​ជា​ប្រយោជន៍​ទៅ​ដល់​កូន​ខ្មែរ​ក្នុង​សិក្សា​ស្វែង​យល់​៕

ប្រភព cambomag

Share this:

  • Facebook
  • Twitter
  • More
  • Pinterest
  • Tumblr
  • LinkedIn
  • Pocket
  • Reddit
  • Print

Related

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សូមគាំទ្រឧបត្ថម្ភ សហគមន៍ខ្មែរក្រោម Support KKC

សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។





វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

Khmer Patriotic Songs

Khmer Patriotic Songs

ចម្រៀងស្នេហាជាតិខ្មែរកម្ពុជាក្រេាម ផ្សាយដោយសហគមន៍ខ្មែរកម្ពុជាក្រោម នៅសហរដ្ឋអាមេរិក Kampuchea Krom Patriotic Songs: Released 2548/2004

We’re On Facebook

Facebook Pagelike Widget

Sign in

Login to this site requires ssl communication.
Click here to reload the page over ssl.

  • Lost your password?

  • Back to login
Loading

You must be logged in to post a comment.

Loading Comments...
Comment
    ×