ដោយ ហង្ស សាវយុត RFA 2015-10-15
មន្ត្រីមើលថែព្រះរាជដំណាក់នៅខេត្តសៀមរាប បើកចំហទ្វាររបងព្រះរាជដំណាក់រយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា តទៅ ក្នុងបំណងឲ្យពលរដ្ឋកម្ពុជា គ្រប់រូប រួមទាំងអ្នកទេសចរបរទេសផង អាចចូលទៅក្នុងបរិវេណនៃព្រះរាជដំណាក់ ដើម្បីអុជទៀន ធូប គោរពដល់ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហនុ។
ការបើកចំហទ្វាររបងព្រះរាជដំណាក់ក្នុងខេត្តសៀមរាប ឲ្យមហាជនអាចចូលទៅគោរពព្រះវិញ្ញាណក្ខន្ធនេះ ធ្វើឡើងនៅក្នុងគម្រប់ខួប ៣ឆ្នាំ បន្ទាប់ពីអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ព្រះអង្គសោយទិវង្គតមក។
មន្ត្រីរាជការមកពីគ្រប់មន្ទីរ និងកងកម្លាំងប្រដាប់អាវុធ មានប៉ូលិស ប៉េអិម និងទាហានប្រមាណ ៣០០នាក់ បាននាំគ្នាចូលទៅក្នុងបរិវេណនៃព្រះរាជដំណាក់នាខេត្តសៀមរាប ហើយអុជទៀន ធូប ព្រមទាំងឈរស្មិងស្មាធិ៍គោរពព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហនុ ដើម្បីរំឭកដល់ការសោយទិវង្គតរបស់ព្រះអង្គគម្រប់ខួប ៣ឆ្នាំ។
ពិធីបានចាប់ផ្ដើមឡើងតាំងតែពីម៉ោងជាង ៧កន្លះព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ដោយមានដាក់កម្រងផ្កាជាច្រើនដើម្បីបូជា ប៉ុន្តែមិនមានសភាពអធិកអធមដោយចាក់ឧបករណ៍បំពងសំឡេងឲ្យឮខ្លាំង ឬក៏ប្រគំបទភ្លេងអ្វីទេ។
អភិបាលរងខេត្តសៀមរាប ក្នុងចំណោមអ្នកចូលរួមគោរពព្រះវិញ្ញាណក្ខន្ធជាច្រើនទៀត គឺលោក គឹម ឆៃហៀង។ លោកមានប្រសាសន៍ថា នៅស្របពេលគ្នាដែលមន្ត្រីជាង ៣០០នាក់កំពុងគោរពព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ នរោត្តម សីហនុ នៅក្នុងបរិវេណព្រះរាជដំណាក់នេះ គឺនៅតាមបណ្ដាក្រុង-ស្រុកទាំង១២ របស់ខេត្តសៀមរាប ក៏កំពុងនាំគ្នាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រដូចគ្នាដែរ។
លោក គឹម ឆៃហៀង មានប្រសាសន៍ទៀតថា អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ធ្លាប់បានបំពេញព្រះរាជបេសកកម្មយ៉ាងធំធេងជូនជាតិមាតុភូមិកម្ពុជា ដូចជាការទាមទារឯករាជ្យពីប្រទេសបារាំង នៅឆ្នាំ១៩៥៣ ការទាមទារយកខេត្តខ្មែរចំនួន៣ មានខេត្តបាត់ដំបង សៀមរាប និងខេត្តកំពង់ធំ ពីប្រទេសថៃ មកវិញ ព្រមទាំងការតតាំងក្ដីនៅតុលាការអន្តរជាតិទីក្រុងឡាអេ នៅឆ្នាំ១៩៦២ ហើយទាមទារប្រាសាទព្រះវិហារ ពីប្រទេសថៃ បានមកវិញទៀតផង។ (more…)
ដោយ ប្រាជ្ញ ចេវ RFA 2015-10-16
មន្ត្រីរដ្ឋាភិបាលអះអាងថា រយៈពេល ៣ឆ្នាំដែលគ្មានសម្ដេចព្រះ នរោត្តម សីហនុ ស្ថានការណ៍នយោបាយមានស្ថានភាពល្អធម្មតា។ ប៉ុន្តែមន្ត្រីបក្សប្រឆាំងថា ស្ថានការណ៍នយោបាយម្ដងតឹងម្ដងធូរ ម្ដងក្ដៅម្ដងត្រជាក់ ព្រោះគ្មានអ្នកសម្របសម្រួល ហើយការចាប់ខ្លួនសកម្មជនបក្សប្រឆាំងបន្តកើតមានដដែល។
ការលើកឡើងរបស់អ្នកនយោបាយបែបនេះនៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ គម្របខួប ៣ឆ្នាំ នៅថ្ងៃទី១៥ ខែតុលា។ យ៉ាងណាមិញ ការប្រារព្ធពិធីនៅឆ្នាំនេះ ហាក់ស្ងប់ស្ងាត់ជាងរាល់ៗឆ្នាំ ខណៈដែលក្នុងព្រះរាជវាំង មានធ្វើពិធីសាសនា និងនៅមុខព្រះបរមរូប ក្បែរវិមានឯករាជ្យ មានមន្ត្រីគ្រប់ស្ថាប័នចូលដាក់កម្រងផ្កាដើម្បីគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ប៉ុន្តែនៅមុខព្រះបរមរាជវាំង គ្មានពិធីរាប់បាត្រដូចឆ្នាំមុនៗនោះទេ។
រដ្ឋមន្ត្រីក្រសួងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា ដឹកនាំមន្ត្រីក្នុងក្រសួងដាក់កម្រងផ្កានៅមុខព្រះបរមរូប។ ស្ថិតក្នុងសំលៀកបំពាក់សំពត់ហូលបត់ អាវកត្រង់ នៅលើស្មាមានបំពាក់ដោយឋានន្តរសក្ដិផ្កាភ្ញីវល្លិពណ៌មាស អ្នកស្រីនិយាយថា គំរូវីរភាពរបស់សម្ដេច សីហនុ សំខាន់ៗដូចជា ការទាមទារឯករាជ្យ ការរក្សាសុខសន្តិភាព បង្រួបបង្រួមប្រទេស នៅតែស្ថិតក្នុងដួងចិត្តលោកស្រី។ ក្នុងរយៈពេល ៣ឆ្នាំដែលគ្មានសម្ដេច សីហនុ អ្នកស្រីលើកឡើងថា សុខសន្តិភាពនៅតែមានដដែល ហើយការសាមគ្គីភាពរបស់អ្នកនយោបាយខ្មែរនៅតែមានដដែល៖ «គឺថា សុខសន្តិភាពនៅតែមានក្នុងប្រទេសកម្ពុជា ពីព្រោះនេះជាស្នាដៃព្រះអង្គ (ព្រះបរមរតនកោដ្ឋ) បានធ្វើទុក ហើយកូនចៅ ពោលគឺរាជរដ្ឋាភិបាលបានថែរក្សានូវអ្វីដែលជាស្នាដៃព្រះអង្គទុកមកដល់ពេលនេះដដែល»។
ពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ចាប់ផ្ដើមនៅម៉ោង ៧ព្រឹក ថ្ងៃទី១៥ ខែតុលា ដោយពុំមានឃើញវត្តមានប្រមុខព្រឹទ្ធសភា រដ្ឋសភា មកដាក់កម្រងផ្កានៅមុខព្រះបរមរូបនោះទេ។ ទោះយ៉ាងណា ក្នុងពេលដាក់កម្រងផ្កា តាមក្រសួងស្ថាប័នរបស់រដ្ឋចំនួន ៤២ស្ថាប័ន ក្រសួងខ្លះដឹកនាំដោយរដ្ឋមន្ត្រី ប្រមុខស្ថាប័ន ឬតំណាងក្រសួងស្ថាប័ន។
ចំណែកតំណាងរដ្ឋាភិបាលមានវត្តមាន លោក ស ខេង នាយករដ្ឋមន្ត្រីស្ដីទីទៅដាក់កម្រងផ្កា ខណៈលោក ហ៊ុន សែន កំពុងបំពេញភារកិច្ចនៅប្រទេសចិន។ តំណាងស្ថាប័ននីមួយៗ មានប្រមុខម្នាក់ដើរមុខគេ និងមន្ត្រីក្រោមឱវាទប្រមាណ ២០នាក់ ធ្វើដំណើរតាមក្រោមយឺតៗ យកកម្រងផ្កាទៅដាក់ថ្វាយព្រះបរមរូប អមដោយសំឡេងត្រែ។
(more…)
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។