ដោយ យាង សុជាមេត្តា RFA 2015-10-19
របាយការណ៍សន្ទស្សន៍ភាពស្រេកឃ្លានសកលឆ្នាំ២០១៥ ដែលចេញផ្សាយនៅខែតុលា បង្ហាញថា ប្រទេសកម្ពុជា ទទួលបានពិន្ទុ ២២,៦ ដែលត្រូវនឹងចំណាត់ថ្នាក់លេខ៦០ ក្នុងចំណោមប្រទេសទាំងអស់១១៧។ ពិន្ទុនេះបង្ហាញថា កម្ពុជា បានកាត់បន្ថយភាពស្រេកឃ្លានប្រមាណ ៥០% ចាប់តាំងពីឆ្នាំ២០០០ មក។ តែទោះជាយ៉ាងណា ចំណាត់ថ្នាក់នេះមានន័យថា ស្ថានភាពស្រេកឃ្លានរបស់កម្ពុជា ស្ថិតក្នុងកម្រិតធ្ងន់ធ្ងរនៅឡើយ។
សន្ទស្សន៍ភាពស្រេកឃ្លានសកលឆ្នាំ២០១៥ ឬហៅជាភាសាអង់គ្លេសថា គ្លូបល ហាំងហ្គឺ អ៊ិនដិច (Global Hunger Index) ដែលចេញផ្សាយពេលនេះ ត្រូវបានសិក្សាដោយអង្គការអន្តរជាតិចំនួន៣ គឺវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយចំណីអាហារអន្តរជាតិ (International Food Policy Research Institute) អង្គការ ខនសឺន វើលវ៉ាយ (Concern Worldwide) និងអង្គការ វ៉ែលហាំងហ្គឺហីហ្វ (Welhungerhilfe)។
សន្ទស្សន៍ភាពស្រេកឃ្លានសកលឆ្នាំ២០១៥ ដែលសិក្សាទៅលើបញ្ហាសំខាន់ៗចំនួន៤ ដូចជា បញ្ហាកង្វះអាហារូបត្ថម្ភ កង្វះទម្ងន់កុមារ កុមារក្រិន និងអត្រាមរណភាពរបស់កុមារ បានបង្ហាញតារាងចំណាត់ថ្នាក់ប្រទេសចំនួន១១៧ ដែលក្នុងនោះ កម្ពុជា ឋិតនៅចំណាត់ថ្នាក់លេខ៦០ ដែលមានពិន្ទុ ២២,៦។ ពិន្ទុនេះបង្ហាញថា ស្ថានភាពស្រេកឃ្លាននៅកម្ពុជា បានថយចុះប្រមាណ ៥០% បើធៀបទៅនឹងឆ្នាំ២០០០ ដែលនៅពេលនោះ កម្ពុជា ទទួលបានពិន្ទុ ៤៥។
សន្ទស្សន៍ភាពស្រេកឃ្លានសកលឆ្នាំ២០១៥ បានចែកចំណាត់ថ្នាក់ប្រទេសជា ៥ប្រភេទ គឺប្រទេសដែលមានអត្រាភាពស្រេកឃ្លានកម្រិតទាប កម្រិតមធ្យម កម្រិតធ្ងន់ធ្ងរ កម្រិតប្រកាសអាសន្ន និងកម្រិតប្រកាសអាសន្នខ្លាំង។ បើទោះជារបាយការណ៍បង្ហាញថា ស្ថានភាពស្រេកឃ្លានរបស់កម្ពុជា ប្រសើរជាងឆ្នាំ២០០០ ជិតពាក់កណ្ដាលក៏ដោយ ប៉ុន្តែស្ថានភាពស្រេកឃ្លាននេះ គឺឋិតក្នុងសភាពធ្ងន់ធ្ងរនៅឡើយ បើធៀបទៅនឹងប្រទេសផ្សេងទៀតក្នុងសមាគមអាស៊ាន កម្ពុជា ទទួលបានចំណាត់ថ្នាក់ប្រសើរជាងប្រទេសភូមា និងឡាវ តែនៅពីក្រោយប្រទេសម៉ាឡេស៊ី ថៃ វៀតណាម ហ្វីលីពីន និងប្រទេសឥណ្តូនេស៊ី។
សន្ទស្សន៍ភាពស្រេកឃ្លានសកលឆ្នាំ២០១៥ បង្ហាញដែរថា បច្ចុប្បន្នពលរដ្ឋកម្ពុជា ប្រមាណ ១៤,២% នៅមានបញ្ហាកង្វះអាហារូបត្ថម្ភក្មេងអាយុក្រោម ៥ឆ្នាំ ៩,៦% មានបញ្ហាកង្វះទម្ងន់ កុមារក្រិនមានចំនួន ៣២,៤% និងកុមារស្លាប់នៅអាយុក្រោម ៥ឆ្នាំចំនួន ៣,៨%។
យ៉ាងណាក៏ដោយ របាយការណ៍នេះមិនទាន់ធ្វើឲ្យមន្ត្រីរដ្ឋាភិបាលពេញចិត្តនៅឡើយ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា របាយការណ៍សន្ទស្សន៍ភាពស្រេកឃ្លានសកលឆ្នាំ២០១៥ មិនទាន់ឆ្លុះបញ្ចាំងការពិតនៅកម្ពុជា នោះទេ បើទោះជារបាយការណ៍នេះបង្ហាញថា កម្ពុជា បានកាត់បន្ថយប្រមាណ ៥០% នៃអត្រាភាពស្រេកឃ្លានក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយនេះក៏ដោយចុះ។ លោក ផៃ ស៊ីផាន យល់ថា កម្ពុជា សម្រេចបានការកាត់បន្ថយភាពស្រេកឃ្លានច្រើនជាងនេះ៖ «របាយការណ៍នេះអត់ឆ្លើយតបនឹងអ្វីដែលយើងមាន។ យើងធ្វើការជាមួយធនាគារពិភពលោក (World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) យើងកាត់បន្ថយច្រើនជាងនេះ របាយការណ៍នេះមិនទាន់ត្រឹមត្រូវ»។ (more…)
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។